កម្មកររោងចក្រ អ.ជី សប្បាយចិត្តចំពោះការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗលឿនជាងការកំណត់

✎ អត្ថបទដោយ: Brocheareast Media
507

រាជធានីភ្នំពេញ ៖ កម្មករនៃរោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរទាំងអស់ នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៤ នេះ សប្បាយចិត្តជាខ្លាំងដែលទទួលបានប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗលឿនជាងការកំណត់ក្រោមការសម្របសម្រួលពីរាជរដ្ឋាភិបាលកម្ពុជា ។ ទន្ទឹមនឹងនេះកម្មកររោងចក្រ អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ទាំងអស់បានអរគុណរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលតែងតែខិតខំបំពេញការងារ និងគិតគូពីសុខទុក្ខរបស់កម្មកររហូតដល់ដោះស្រាយបញ្ហាជូនកម្មករដោយជោគជ័យនៅថ្ងៃនេះ ។

លោកស្រី ទី សុភ័ណ្ឌ ដែលជាកម្មកររោងចក្រ អ.ជី ហ្វ៊ូតវែរ លើកឡើងថា ៖ «ខ្ញុំសូមអរគុណរាជរដ្ឋាភិបាលដែលបានខិតខំបំពេញការងាររហូតដល់កម្មករអាចមកបើកប្រាក់ឈ្នួលបាននៅថ្ងៃនេះ ។ ដំបូងឡើយខ្ញុំមិនរំពឹងថា ទទួលបានសំណងនេះទេ ពីព្រោះរោងចក្រត្រូវបានឆេះទាំងស្រុង ហើយទទួលរងការខូចខាតធ្ងន់ធ្ងររួចស្រេចទៅហើយ» ។ លោកស្រីបន្តថា ការផ្តល់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករនិយោជិតនៃរោងចក្រអ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ទាំងអស់នៅថ្ងៃនេះគឺបានបង្ហាញឱ្យឃើញពីការយកចិត្តទុក្ខដាក់របស់ថ្នាក់ដឹកនាំមកលើកម្មករនិយោជិតទាំងអស់គ្នា ជាពិសេសកម្មករទាំងអស់ទទួលបានប្រាក់ឈ្នួលលឿនជាងពេលកំណត់ ។

កញ្ញា លី លីម៉េង ដែលជាកម្មកររោងចក្រ អ.ជី ហ្វ៊ូតវែរ លើកឡើងថា ៖ «ខ្ញុំសប្បាយចិត្តណាស់ ដែលបានមកទទួលប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗនៅថ្ងៃនេះ ។ ខ្ញុំសូមអរគុណដល់ សម្តេចធីបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីថ្មីដែលបានខិតខំបំពេញការងារក្នុងការដោះស្រាយ រហូតកម្មករនិយោជិតទាំងអស់បានមកទទួលប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករគ្រប់គ្នា ។ ខ្ញុំរីករាយណាស់ដែលបានមកទទួលប្រាក់នៅថ្ងៃនេះ» ។

អ្នកស្រី ប៉ិច ពីន ដែលជាកម្មករនៃរោងចក្រ អ.ជី ហ្វ៊ូតវែរ មកពីខេត្តពោធិ៍សាត់ លើកឡើងដែរថា ៖ «ខ្ញុំសប្បាយចិត្តណាស់ បន្ទាប់ពីរាជរដ្ឋាភិបាលបានបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនខ្ញុំ ក៏ដូចជាកម្មករនៅថ្ងៃនេះ ។ ខ្ញុំអរគុណទៅដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំដោះស្រាយជូនកម្មករទាំងអស់នៅពេលនេះ» ។

ទន្ទឹមនឹងនេះ កម្មករនៃរោងចក្រ ទាំងអស់បានអំពាវនាវឱ្យកម្មករនិយោជិតបន្តស្វែងរកការងារថ្មីតាមរយៈយន្តការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ ហើយជឿទុកចិត្តមកលើដំណោះស្រាយរបស់រាជរដ្ឋាភិបាល ។ គួរឱ្យកត់សម្គាល់ថានៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៤ នេះកម្មករនៃរោង អ.ជី ហ្វ៊ូតវែរ ភាគច្រើនលើសលុបបាននិងកំពុងមកទទួលប្រាក់អត្ថប្រយោជន៍ទាំងបីចំណុចរបស់រាជរដ្ឋាភិបាល ៕

អត្ថបទទាក់ទង