ករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋនៅផ្លូវជាតិលេខ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ សមត្ថកិច្ចប្រើទឹកអស់១៥៦ឡានទើបអាចគ្រប់គ្រងបាន

✎ អត្ថបទដោយ: Brocheareast Media
686

របាយការណ៏ ជុំវិញករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋនៅផ្លូវជាតិលេខ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ សមត្ថកិច្ចប្រើទឹកអស់១៥៦ឡានទើបអាចគ្រប់គ្រងបាន រលត់ទាំងស្រុង នឹងបន្ដស្វែងរកមូលហេតុ ដែលបណ្ដាល អោយអគ្គីភ័យនេះកើតឡើង

មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅវេលាម៉ោងប្រមាណ២៖៣៥នាទីរសៀល ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងទៅតាម របាយការណ៍របស់ការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យក្រុមការងារយើងដឹងថា ករណីអគ្គិភ័យនេះបានបណ្ដាលឲ្យឆេះផ្ទះអស់២ល្វែងទាំងស្រុង និងមួយខ្នងទៀត ខូចខាតមួយផ្នែក ព្រមទាំងសម្ភារគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លា ។ ក្នុងហេតុការណ៍នេះផងដែរ ដោយកម្លាំងសមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ ចំនួន១៥៦ឡាន ទើបអាចគ្រប់គ្រងបានទាំងស្រុង ក្នុងនោះរួមមាន រថយន្ដការិយាល័យជំនាញ ចំនួន២២គ្រឿង ប្រើទឹកអស់១១០ឡាន, រថយន្ដនាយកដ្ឋានជំនាញ ចំនួន៣គ្រឿង ប្រើទឹកអស់ចំនួន៦ឡាន, រថយន្តអង្គភាព ៧១១ នៃកងពលតូចលេខ៧០ ចំនួន៥គ្រឿង ប្រើទឹកអស់ចំនួន១៥ឡាន, រថយន្តអគ្គិភ័យបញ្ជាការទ័ពពិសេស៩១១ ចំនួន២គ្រឿង ប្រើទឹកអស់ចំនួន៦ឡាន, រថយន្តអគ្គិភ័យកងរាជអាវុធហត្ថ ចំនួន៣គ្រឿង ប្រើទឹកអស់ចំនួន៩ឡាន, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើទឹកអស់ចំនួន៣ឡាន, រថយន្តអគ្គិភ័យក្រុមហ៊ុនជីបម៉ុនលែន ចំនួន១គ្រឿង ប្រើទឹកអស់ចំនួន៣ឡាន និងរថយន្តអគ្គិភ័យបុរីប៉េងហួត ចំនួន២គ្រឿង ប្រើទឹកអស់ចំនួន៤ឡាន។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ ប្រតិបត្តិការនេះការជួយសង្គ្រោះពន្លត់នេះគឺ ចំណាយរយៈពេលចំនួន ៤ម៉ោង រហូតមកដល់ម៉ោង៦៖១៥នាទីល្ងាចទើបអាចគ្រប់គ្រងបានទាំងស្រុង។ ករណីនេះមិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ សមត្ថកិច្ច មិនទាន់បញ្ជាក់ពីមូលហេតុនៅឡើយ ទេ ដោយកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្ដ៕

#សារព័ត៌មានប្រជារាស្ត្រ#BCRNews

អត្ថបទទាក់ទង